អភិបាលខេត្តបាត់ដំបង ស្នេីភាគីកូរ៉េជួយកៀរគរអ្នក វិនិយោគមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាលេីការកែច្នៃ ផលិតផលកសិកម្ម

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តម អគ្គកុងស៊ុលថា ខេត្តបាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃ ប្រទេស កម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់ ៣ ជាមួយប្រទេសថៃ ។ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លេី វិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។
ឯកឧត្តមអភិបាលខេត្ត ស្នេីភាគីកូរ៉េជួយកៀរគរ អ្នក វិនិយោគកូរ៉េមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាលេីការកែច្នៃ ផលិតផលកសិកម្មដ៏សំបូរបែប។
ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-ថៃ ឯកឧត្តម សុខ លូ ថ្លែងថា ប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហេីយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយទេ គឺចង់បានសន្តិភាព ដូច្នេះសូមឱ្យ ឯកឧត្តមអគ្គកុងស៊ុលជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបានសន្តិភាព។
ជាការឆ្លេីយតប ឯកឧត្តម អគ្គ កុងស៊ុលបានទទួលយកនូវ អ្វីដែល អ្វីដែល ឯកឧត្តម អភិបាលខេត្តបានលេីកឡេីង។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ ឯកឧត្តមKIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម អគ្គ កុងស៊ុល គូសបញ្ជាក់ ថាការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈកូរ៉េដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕

