លោក ដូណាល់ ត្រាំ៖ ក្នុងរយៈពេល ២សប្តាហ៍ លោកគួរតែអាចដឹងច្បាស់ថា តើនឹងអាចមានភាពរីកចម្រើនដែរឬក៏អត់ ក្នុងកិច្ចប្រឹងប្រែងរបស់លោ កដើម្បីបញ្ចប់សង្រ្គាម របស់រុស្ស៉ីនៅអ៊ុយក្រែន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ថា ក្នុងរយៈពេល ២សប្តាហ៍ លោកគួរតែអាចដឹងច្បាស់ថា តើនឹងអាចមានភាពរីកចម្រើនដែរឬក៏អត់ ក្នុងកិច្ចប្រឹងប្រែងរបស់លោ កដើម្បីបញ្ចប់សង្រ្គាម របស់រុស្ស៉ីនៅអ៊ុយក្រែន ហើយជាថ្មីម្តងទៀតលោកបានលើកឡើង អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយថា លោកមិនសប្បាញចិត្តទេ ជុំវិញស្ថានភាពនៃកិច្ចប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន នាពេលនេះ។
កាលពីមួយសប្តាហ៍មុន លោក ត្រាំ បានបើកកិច្ចពិភាក្សានៅរដ្ឋ Alaska ជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយមកទល់នឹងពេលនេះ លោកមិនទាន់អាចជំរុញឱ្យលោក ពូទីន ជួបចរចាគ្នាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឡើយទេ។
លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ យើងមើលឃើញអ្វីដែលនឹងកើតឡើង។ ខ្ញុំគិតថា ក្នុងរយៈពេល២សប្តាហ៍ទៀត ពួកយើងនឹងដឹងថា ខ្ញុំនឹងឆ្ពោះទៅផ្លូវណា»។
បើតាមការបញ្ជាក់របស់លោក ត្រាំ គឺរូបលោក អាចនឹងសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មបន្ថែមក្នុងទ្រង់ទ្រាយធំលើរុស្ស៉ី ឬមួយក៏មិនធ្វើអ្វីទាំងអស់តែម្តង ហើយប្រាប់អ៊ុយក្រែននិងរុស្ស៉ី ឱ្យដោះស្រាយខ្លួនឯង៕
