កម្ពុជាបន្តអំពាវនាវយ៉ាងទទួចឱ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ មកវិញឱ្យបានឆាប់

ភ្នំពេញ៖ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទួចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួករបស់ពួកគេ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា នេះ លោកជំទាវម៉ាលី សុជាតា ថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងនិងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់បំផុត ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងនឹងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សីផងដែរនោះ។
លោកជំទាវបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។
លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕
