សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរៈយុទ្ធជនដែលរងរបួសមួយចំនួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរៈយុទ្ធជនដែលរងរបួសមួយចំនួន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សំ វណ្ណារ៉ា នាយករងខុទ្ទការល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរវីរៈយុទ្ធជនរងរបួសទាំងអស់ សូមឆាប់បានជាសះស្បើយ ព្រមទាំងបានឧបត្ថម្ភអំណោយរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

