នាយករដ្ឋមន្ត្រីសិង្ហបុរី សង្កត់ធ្ងន់ថា ការរកការងារសម្រាប់ពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល

សិង្ហបុរី៖ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានសង្កត់ធ្ងន់ថា ការរកការងារសម្រាប់ពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល ខណៈប្រទេសនេះប្រឈមនឹងហានិភ័យពីរបាំងពាណិជ្ជកម្មពិភពលោក និងបញ្ញាសិប្បនិម្មិត(AI)។
លោក វ៉ុង បានលើកឡើងពីផលប៉ះពាល់នៃការប្រជែងគ្នារវាងសហរដ្ឋអាម៉េរិក និងចិន សង្គ្រាមពន្ធដាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការគំរាមកំហែងដល់កម្មករពីបច្ចេកវិទ្យាថ្មីៗនៅក្នុងសុន្ទរកថា ទិវាជាតិប្រចាំឆ្នាំ ដែលជាការប្រារព្ធខួបលើកទី៦០របស់ប្រទេសនេះ។
លោកបានសង្កត់ធ្ងន់លើផែនការពង្រឹងសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម ពង្រឹងសំណាញ់សុវត្ថិភាពសង្គម ការអភិវឌ្ឍផ្នែកខ្លះនៃប្រទេសនេះ និងសាងសង់លំនៅឋានថ្មី។ លោកមានប្រសាសន៍ថា៖«យុទ្ធសាស្ត្រសេដ្ឋកិច្ចចម្បងរបស់យើង គឺអំពីការងារ។ យើង នឹងចាត់វិធានការបន្ថែម ទៀត ដើម្បី ជួយ ប្រជាជន សិង្ហបុរី ដណ្តើម យក ឱកាស ការងារ ថ្មី»។
លោក វ៉ុង បញ្ជាក់បន្ថែម សិង្ហបុរីនឹងបំពាក់ និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសទាំងអស់ ដើម្បីប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
លោកបន្តថា ប្រទេសកោះនេះ នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមផ្គូផ្គងការងារថ្មី និងកម្មវិធីបណ្ដុះបណ្ដាលដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល សម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដោយបន្ថែមថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវអនាគតរបស់ប្រទេសសិង្ហបុរី។ រដ្ឋាភិបាលបានបង្កើនការព្យាករកំណើនរបស់ខ្លួនសម្រាប់ឆ្នាំនេះ បន្ទាប់ពីដំណើរការល្អប្រសើរជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។ រដ្ឋាភិបាលមើលឃើញថា សេដ្ឋកិច្ចកើនឡើងពី ១,៥ភាគរយ ទៅ២,៥ភាគរយ ខ្ពស់ជាងការរំពឹងទុក០ទៅ២ភាគរយពីមុន៕
