ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ របស់កងកម្លាំងនគរបាលជាតិ

កំពង់ឆ្នាំង៖ ដោយមានការណែនាំ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ទាំង៨។
ស្ថិតក្នុងបរិយាកាសដ៏ស្និទស្នាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ និងបាននាំយកនូវថវិកា ចំនួន១៥លានរៀល អង្ករ ១តោន មី២០កេស ត្រីខ២០កេស និងទឹកបរិសុទ្ធ២០កេស។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ៕

