សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា ឪពុកម្តាយ និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៤រូប រស់នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន

ភ្នំពេញ៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា ឪពុកម្តាយ និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៤រូប រស់នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។
ក្នុងឱកាសនោះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់វីរៈយុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់វីរៈយុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយៗ កាកបាទក្រហមកម្ពុជា ក៏បាននាំយកអំណោយផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕

