នាយឧត្តមសេនីយ៍ ស ថេត៖ កម្លាំងនគរបាលមួយក្រុម កាលពីពេលកន្លងទៅ ចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អដែលមិនគួរឲ្យកើតមាននោះទេ

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម កាលពីពេលកន្លងទៅ បានចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិ ដែលមិនគួរឲ្យកើតមាននោះទេ។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ករណីនៅខេត្តកោះកុង ដែលកម្លាំងនគរបាលចុះទៅស្រាវជ្រាវ ស៉ើបអង្កេតបទល្មើស ប៉ុន្ដែបែរជាកម្លាំងដែលចុះនោះឆ្លៀតឱកាសយកសម្ភាររបស់អ្នកដទៃ ហើយរកមិនឃើញអ្នកដែលយកនោះ។ ដូច្នេះទើបនាយឧត្តមសេនីយ៍ បញ្ជាឲ្យកម្លាំងថ្នាក់ជាតិចុះស្រាវជ្រាវតែម្ដង ដើម្បីរកអ្នកដែលពាក់ព័ន្ធយកសម្ភារទាំងអស់នោះ មកទទួលខុសត្រូវ និងឈានទៅអនុវត្តវិន័យកងកម្លាំង។
នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា «នេះជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិ ដែលមិនគួរឲ្យកើតមាននោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង។ សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ហើយកម្លាំងនគរបាលខេត្តកោះកុងគ្រាន់តែចូលរួមសហការ ប៉ុណ្ណោះ។
យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ក្រុមការងារដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនេះ ដែលនាំឲ្យកើតមានភាពមិនប្រក្រតី រហូតលួចយកទូរស័ព្ទ និងកុំព្យួរទ័រនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អមដោយអនុប្រធាន និងសមាជិកសរុបចំនួន១២នាក់។
សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង មានតួនាទី ភារកិច្ចដូចខាងក្រោម៖
* ធ្វើការស្រាវជ្រាវអំពីដំណើររឿង មូលហេតុ និងលទ្ធផល នៃការចុះបង្ក្រាបឱ្យបានច្បាស់លាស់
* តម្លើងបញ្ជីសមាសភាពក្រុមការងារ ដែលចុះបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រសហគ្រាស LYP
* ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអំពីដំណើរការ នៃកិច្ចប្រតិបត្តិការរបស់ក្រុមការងារដែលចុះបង្ក្រាបបទ ល្មើសនៅក្នុងសហគ្រាស LYP (ទាំងក្នុងពេល និងក្រោយពេលប្រតិបត្តិការរួច)
* ធ្វើរបាយការណ៍លំអិតអំពីលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេត រាយការណ៍ជូនអគ្គស្នងការនគរបាល ជាតិ ដើម្បីមានវិធានការបន្ត
* បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

