យន្តហោះចម្បាំងចិន១គ្រឿង ហោះមកស្ទាក់យន្តហោះហ្វីលីពីនដែលមានដឹកក្រុមអ្នកកាសែត អំឡុងពេលហោះហើរល្បាត នៅលើតំបន់ថ្មប៉ប្រះទឹក ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង

ម៉ានីល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា កាលពីថ្ងៃពុធ ទី១៣ ខែសីហា យន្តហោះចម្បាំងចិន១គ្រឿង បានហោះមកស្ទាក់ យន្តហោះហ្វីលីពីនដែលមានដឹកក្រុមអ្នកកាសែត អំឡុងពេលហោះហើរល្បាត នៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។
វាគឺជាសញ្ញាថ្មីចុងក្រោយនៃភាពតានតឹង ដែលនៅតែបន្តរវាងប្រទេសហ្វីលីពីននិងចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងថ្ងៃជាមួយគ្នា នាវាចម្បាំងអាមេរិក២គ្រឿង រួមមាន USS Cincinnati និង USS Higgins ក៏ត្រូវបានប្រទះឃើញស្ថិតនៅចម្ងាយខ្ទង់ជាង៥០គីឡូម៉ែត្រ ពី Scarborough Shoal ផងដែរ។
យោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវា USS Higgins ចេញទៅវិញ បន្ទាប់ពីវាបានបើកចូលក្បែរតំបន់ថ្មប៉ប្រះទឹកនោះ ដោយគ្មានការអនុញ្ញាត ប៉ុន្តែកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវារបស់ខ្លួន អនុវត្តប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍ ដោយស្របតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងឆ្មាំសមុទ្រហ្វីលីពីន បានបញ្ជូនទូកប៉ុន្មានគ្រឿង បំពេញបេសកកម្មផ្គត់ផ្គង់សម្ភារ ទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ប៉ុន្តែទីក្រុងម៉ានីលបានអះអាងថា ក្រុមនាវារបស់ចិនបានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ ដើម្បីព្យាយាមរារាំងប្រតិបត្តិការរបស់ខ្លួន ជាហេតុបណ្តាលឱ្យនាវាចិន២គ្រឿងបុកគ្នា។ បញ្ហាអធិបតេយ្យលើតំបន់ Scarborough Shoal នៅមិនទាន់ដោះស្រាយដាច់ស្រេចឡើយ ប៉ុន្តែចិនបានរក្សាវត្តមានជាប់នៅទីនោះ ចាប់តាំងតែពីឆ្នាំ២០១២មក៕
