ទូតចិន៖ បច្ចុប្បន្នកសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្ដម វ៉ាង វិនពីន បានលើកឡើងថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។
ឯកឧត្ដម បន្ថែមថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

