កម្ពុជាច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ដែលនេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតដែលគួរឱ្យទុកចិត្តបាន គឺជាការចោទប្រកាន់ដោយខ្លួនឯងដើម្បីបង្ករឿង។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក៏បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។
ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ថា «ការចោទប្រកាន់កម្ពុជា ពីភាគីថៃ គ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតពីអ្នកជំនាញឯករាជ្យណា ដែលគួរឲ្យទុកចិត្តបាន គឺចោទដោយខ្លួនឯង ដើម្បីបង្ករឿង»។
សូមជម្រាបថា មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ។ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។
កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ៕
