អ្នកនាំពាក្យការពារជាតិ៖ កម្ពុជាស្នើយ៉ាងទទួចឲ្យថៃដោះលែងកងទ័ពទាំង១៨រូប មកកម្ពុជាវិញឲ្យបានឆាប់

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តស្នើសុំយ៉ាងទទួចដល់ភាគីថៃ ឲ្យធ្វើការដោះលែងនូវទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃចាប់ទៅក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់ ប្រគល់ឲ្យកម្ពុជាវិញឲ្យបានឆាប់ៗ ខណៈកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ។
លោកជំទាវថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្ត ទុកដាក់បំផុតដើម្បីធ្វើការចរចាជាមួយភាគីថៃ ឲ្យមានការដោះលែងវិរៈកងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅ។
សូមបញ្ជាក់ថាទាក់ទងនឹងវិរៈកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងទៀតថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ៕
