ហ្វីលីពីននិងឥណ្ឌា ចុះកិច្ចព្រមព្រៀងជាច្រើនពាក់ព័ន្ធវិស័យការពារជាតិ ក្នុងគោលដៅ ពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ

ញូវដែលី៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែសីហា ហ្វីលីពីននិងឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាច្រើនពាក់ព័ន្ធវិស័យការពារជាតិ ក្នុងគោលដៅ ពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិងកំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្រោមការទទួលស្វាគមន៍យ៉ាង កក់ក្តៅពីឥណ្ឌា ហើយការចុះកិច្ចព្រមព្រៀងខាងលើធ្វើឡើង ស្របពេលដែលរូបលោក ជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅទីក្រុង New Delhi។
មេដឹកនាំទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងផ្សេងៗ រួមមានទាំងការពង្រឹងចំណងទាក់ទងរវាងកងកម្លាំងយោធារវាងប្រទេសទាំងពីរ គឺទាំងកងទ័ពជើងគោក កងទ័ពជើងអាកាស និងកងទ័ពជើងទឹក ខណៈកងនាវាចម្បាំងឥណ្ឌា ទើបតែបានមកចូលរួមប្រតិបត្តិការ ល្បាតជាលើកដំបូងជាមួយសមភាគីហ្វីលីពីន នៅឯសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីលមានបញ្ហាវិវាទជាមួយចិន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វីលីពីនបានខិតខំបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយសម្ព័ន្ធមិត្តជាច្រើន ក្រោយហេតុការណ៍ ប្រឈមមុខនិងប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ជាមួយចិននៅសមុទ្រចិនខាងត្បូង។ កាលពីឆ្នាំ២០២២ ហ្វីលីពីនបានទិញមីស៉ីលគ្រូស BrahMos ពីឥណ្ឌា ដែលជាមីស៉ីលល្បឿនលឿនជាងសំឡេង។
គួរបញ្ជាក់ថា ឥណ្ឌាផ្ទាល់ក៏មានជម្លោះព្រំដែនជាមួយចិន នៅតំបន់ជួរភ្នំហិម៉ាល័យផងដែរ ហើយជាសមាជិកនៃក្រុមប្រទេស Quad ដែលរួមមានប្រទេស៣ទៀត គឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី។ ទីក្រុងប៉េកាំងតែងតែចោទប្រកាន់ម្តងហើយម្តងទៀតថា ភាពជាដៃគូចតុភាគីនោះ ដែលផ្តួចផ្តើមដំបូងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe គឺត្រូវបានបង្កើតឡើង ដើម្បីបម្រើ ជាមធ្យោបាយរាំងខ្ទប់ការអភិវឌ្ឍរបស់ចិន៕
