អ្នកនាំពាក្យការពារជាតិកម្ពុជា ប្រកាសទាត់ចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃដែលថា តាមព្រំដែនកម្ពុជា និងថៃនៅបន្តបាញ់គ្នា

ភ្នំពេញ៖ នៅក្នុងសន្និសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃជាលើកទីពីរនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសទាត់ចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលបានលើកឡើងនៅមុននេះបន្តិចថា តាមព្រំដែនកម្ពុជា និងថៃនៅបន្តបាញ់គ្នា ខណៈរហូតមកដល់ពេលនេះនៅតាមព្រំដែននៃប្រទេសទាំងពីរមានសភាពស្ងប់ស្ងាត់ និងពុំមានការបាញ់គ្នាណាមួយកើតឡើងនោះទេ។
លោកជំទាវបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបាននឹង កំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់ពីរំលងអាទ្រាធយប់មិញ ពោលគឺម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម្លេះ។
នៅក្នុងសន្និសីទនោះដែរ លោកជំទាវ អ្នកនាំពាក្យក៏បានលើកឡើងអំពីកិច្ចប្រជុំរវាងមេភូមិភាគ ទី៥កម្ពុជា និងមេភូមិភាគទី១របស់ភាគីថៃផងដែរ ដោយកិច្ចប្រជុំនោះបានធ្វើឡើងនៅភូមិក្បាលស្ពាន ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយកិច្ចប្រជុំមេភូមិភាគ៥កម្ពុជា និងមេភូមិទី១ថៃបានឯកភាពគ្នាគោរពកិច្ចព្រមព្រៀងការឈប់បាញ់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, ឈប់បង្កើនទ័ពជៀសវាំងការប្រឈមមុខដាក់គ្នា,ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម៕
