ថៃបន្តបំពានលើសន្យាឈប់បាញ់ ទោះបីជាបានព្រមព្រៀងជាច្រើនដងជាមួយប្រទេសជិតខាង

(បរទេស)÷ ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថៃបានបន្តវាយប្រហារលើដែនកម្ពុជាឡើងវិញ ទោះបីជាបានព្រមព្រៀងឈប់បាញ់ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃទី ២៤ ខែកក្កដា និងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ក៏ដោយ។ ការវាយប្រហារដោយប្រើអាវុធធ្ងន់នៅយប់មិញ បានបំភ្លឺថា ថៃកំពុងបំពានលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធអោយខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Chaktomuk Insight
មានការពន្យល់ពីមូលហេតុពីរដែលអាចធ្វើឲ្យបន្តការបំពាននេះ។ ប្រហែលថាជនរដ្ឋាភិបាលនិងយោធាថៃកំពុងមានបញ្ហាខាងក្នុង ដោយយោធាអាចកំពុងធ្វើសកម្មភាពដោយឡែកពីរដ្ឋាភិបាល ដើម្បីបង្កើនឥទ្ធិពលផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត នេះអាចជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលថៃប្រើ ដើម្បីជៀសវាងការរិះគន់អន្តរជាតិ ដោយចោទប្រកាន់យោធាថាជាអ្នកទទួលខុសត្រូវ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មុននឹងអាចសម្រេចបាននូវសន្តិភាពពិតប្រាកដ ថៃត្រូវតែបង្ហាញឲ្យច្បាស់ថា អ្នកណាជាអ្នកមានអំណាចក្នុងការចរចា និងធ្វើសេចក្តីសម្រេចក្នុងបញ្ហានេះ។
