អ្នកនាំពាក្យរដ្ឋាភិបាល៖ ថៃបានបាញ់ និងទម្លាក់គ្រាប់បែកលើគោលដៅស៉ីវិលជាច្រើនរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ប្រទេសថៃបានបន្តបាញ់ និងទម្លាក់គ្រាប់បែកទៅលើគោលដៅស៉ីវិលជាច្រើនរបស់កម្ពុជា ក្នុងនោះមានវត្តអារាម មណ្ឌលសុខភាព ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារ ដែលនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិយ៉ាងពិតប្រាកដ ដែលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើនេះ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា បានថ្លែងយ៉ាងដូចនេះថា “ថៃបានបាញ់ នឹងទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលជាច្រើន មកលើប្រទេសកម្ពុជា មានដូចជា៖ ថៃបានទម្លាក់គ្រាប់បែកកម្ទេចវត្តតាមាន់សែនជ័យ ដែលមានទីតាំងនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឲ្យទីតាំងគោរពបូជាសាសនា ជាទីសក្ការមួយខ្ទេចខ្ទាំយ៉ាងខ្លាំង ធ្វើឲ្យស្លាប់លោកអាចារ្យម្នាក់នៅក្នុងវត្តនេះ។ ថៃបានផ្លោងគ្រាប់បែកកម្ទេចមណ្ឌលសុខភាពមួយ នៅឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅពេលព្យាបាលជំងឺៗ។
ឯកឧត្ដមបន្តថា ថៃក៏បានបាញ់ចូលភូមិដ្ឋានរបស់ពលរដ្ឋ ដែលធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋត្រូវខ្ទេចខ្ទំ និងមានអ្នករងរបួសជាច្រើន រួមទាំងកុមារផងដែរ ហើយក៏មានស្ថានីយសាំងមួយ (ការ៉ាស់សាំងតេលា) ក៏ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខេត្តឧត្តរមានជ័យ, ថៃក៏បានបាញ់គ្រាប់បែកចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឲ្យប៉ះពាល់ទៅដល់សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌលោកមួយនេះឲ្យវិនាសសាបសូន្យ ក្រៅពីនោះថៃក៏បានបាញ់គ្រាប់បែកចូលក្នុងសាលារៀន ដែលជាទីកន្លែងសិក្សារបស់សិស្សនៃប្រទេសកម្ពុជានៅក្នុងក្រុងសំរោងផងដែរ។
ឯកឧត្ដម ប៉ែន ប៉ូណា បានបញ្ជាក់ទៀតថា ថៃក៏បានប្រើគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ ដែលជាអំពើអមនុស្សធម៌យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ដូច្នេះយើងអាចសន្និដ្ឋានបានថា អ្វីដែលថៃកំពុងធ្វើនេះ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិយ៉ាងពិតប្រាកដ ដែលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើយ៉ាងអមនុស្សធម៍នេះផងដែរ៕
