ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបប្រជុំពិភាក្សាការងាររវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ស្ដីពីការប្រឆាំងអំពើពុករលួយ

ព្រះវិហារ៖ ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានជួបប្រជុំពិភាក្សាការងាររវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ស្ដីពីការប្រឆាំងអំពើពុករលួយ ជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ នៃគណៈកម្មការអង្កត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្ដីពី «ការប្រឆាំងអំពើពុករលួយ» និងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តព្រះវិហារ។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំរដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន/អនុប្រធាន មន្ទីរអង្គរភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក បានយកចិត្តទុកដាក់ ខិតខំអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សាមគ្គីភាពផ្ទៃក្នុង ស្របតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ជាពិសេសគឺ អនុវត្តស្របតាមអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពី តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងបានរៀបចំបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវការងារជូនគណៈអភិបាល បានច្បាស់លាស់ស្របតាមច្បាប់ សេចក្ដីណែនាំ និងមានការអនុលោមភាពពីក្រសួងមហាផ្ទៃ ព្រមទាំងបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំគណៈអភិបាលខេត្ត ជាទៀងទាត់ និងតាមការចាំបាច់។
រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានខិតខំយកចិត្តទុកដាក់ លើកកម្ពស់ និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះ មានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត, មានការិយាល័យ ច្រកចេញចូលតែមួយក្រុង ស្រុក និងនៅថ្នាក់ឃុំ សង្កាត់ បានអនុវត្តយន្តការច្រកចេញចូលតែមួយផងដែរ។
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ តាមរយៈ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តបានផ្ដល់សេវា ជូនប្រជាពលរដ្ឋទាំង ១៤វិស័យ បានចំនួន ៣.០៣៦សេវា ដែលទទួលបានថវិកាចំណូលសរុប ប្រមាណជា ៣៥៣លានរៀល។
ជាមួយគ្នានេះ ការិយាល័យប្រជាពលរដ្ឋរដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធទំនាស់ដីធ្លី, ការផ្ដល់សេវាសាធារណៈ, និងបណ្ដឹងផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់ការល័យប្រជាពលរដ្ឋ ដោយខិតខំដោះស្រាយបញ្ហាទាំងនោះ ឱ្យអស់ពីលទ្ធភាព និងទប់ស្កាត់មិនឱ្យមានវិវាទថ្មីៗកើតឡើងថែមទៀត។
ក្រៅពីនេះ រដ្ឋបាលខេត្តបានផ្សព្វផ្សាយអប់រំអំពីបទបញ្ញត្តិច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបិទផ្សាយ ចងបដាដែលមានខ្លឹមសារប្រឆាំងអំពើពុករលួយ និងបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងទៀងទាត់ចំពោះមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ផងដែរ។
អំពីវិស័យដីធ្លី ដែលជាកិច្ចការអាទិភាពមួយ រដ្ឋបាលខេត្តបានដាក់ចេញផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំឱ្យបានចប់សព្វគ្រប់នៅទៅទូទាំងខេត្ត ក្នុងឆ្នាំ២០២៥នេះ ដោយ មានក្បាលដីអាចចេញបណ្ណកម្មសិទ្ធិបានប្រមាណជាង ៨១ម៉ឺន ក្បាលដី និងបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅក្រុង ស្រុកទាំង៨ មានចំនួនសរុប ៧.៦២១បណ្ណ ស្មើនឹង ៤.៤០០គ្រួសារ។

