សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី

ស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយចាំទិញបន្តពីពលរដ្ឋ។
សម្តេចធិបតី លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។
សម្ដេចធិបតីលើកឡើងថា កាលពីមុនមានអ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេទិញហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ពេលអាជ្ញាធរចាប់បាន។ ដូច្នេះត្រូវស្វែងរកចាប់មេខ្យល់បំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំមកនេះ សម្ដេចបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា ខណៈដែលការងារជលផលមានទំហំធំ ហើយការនេសាទខុសច្បាប់ក៏មានច្រើនជាពិសេសការនេសាទខុសច្បាប់ ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់ជាដើម៕

