សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក

ស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ថា ប្រជានេសាទ គាត់ថា ត្រីកើនឡើងច្រើន តែតម្លៃត្រីចុះថោក! បើសិនជាត្រីកើនឡើងហើយតម្លៃកើនឡើងដែរនោះ គឺកាន់តែល្អហើយ។ តែអត់បានអីចឹងទេ អ្វីក៏ដោយឱ្យតែសម្បូរនឹងចុះថ្លៃហើយ ប៉ុន្ដែចែកគ្នារស់ទៅ។
សម្តេចធិបតី លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។
សម្តេចធិបតីបញ្ជាក់ទៀតថា “ ខ្ញុំថា ស៊ួបានត្រីច្រើនហើយចែកគ្នារស់ចុះ ជៀសជាងអត់ត្រីហើយត្រីឡើងថ្លៃ។ អីចឹងសូមឱ្យមានការយោគយល់ និងកុំទៅលួចឆក់ត្រីនៅក្នុងរដូវបិទឡូត៍នេសាទ”។
សម្ដេចបន្តថា រយៈពេលពីរឆ្នាំមកនេះ សម្ដេចបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា ខណៈដែលការងារជលផលមានទំហំធំ ហើយការនេសាទខុសច្បាប់ក៏មានច្រើនជាពិសេសការនេសាទខុសច្បាប់ ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់ជាដើម។
សម្តេចធិបតីបានលើកឡើងថា ការអភិរក្សវិស័យជលផលនេះ មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ជាពិសេសសហគមន៍ និងប្រជានេសាទផ្ទាល់ ដើម្បីថែរក្សា និងអភិរក្សធនធានជលផលកម្ពុជាឱ្យមានកំណើនផលត្រីច្រើន៕

