សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស

ស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស ដោយប្រើប្រាស់ ឧបករណ៍ នេសាទដែលច្បាប់អនុញ្ញាត និងសូមគិតថាការអនុវត្តច្បាប់គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូននិងកូនចៅជំនាន់ក្រោយ។
សម្តេចធិបតី លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍដើម្បីរៀបចំ «ទិវា មច្ឆជាតិ» លើកទី២១ ជាមួយការលែងកូនត្រី និង វារីសត្វ និងការតាំងបង្ហាញនូវបច្ចេកវិទ្យាវារីវប្បកម្ម និងផលិតផលជលផល។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបន្ថែមថា ការប្រារព្ធ «ទិវាមច្ឆជាតិ» នៅថ្ងៃទី១ ខែកក្កដាជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យ ចូល រួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋយើង និងកូនចៅជំនាន់ក្រោយ៕

