AFP៖ អ៉ីរ៉ង់គ្មានផែនការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងនោះរួមមានទាំងការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយថាអ៉ីរ៉ង់គ្មានផែនការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងនោះរួមមានទាំងការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ បើទោះជាទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកក៏ដោយ។
លោក Abbas Araghchi ធ្វើការកត់សម្គាល់បែបនេះ មុនអ៉ីរ៉ង់ត្រូវបានបើកកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចអឺរ៉ុបរួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក្នុងទីក្រុងអ៉ីស្ដង់ប៊ុល នៅថ្ងៃសុក្រសប្ដាហ៍នេះ។
កិច្ចប្រជុំនេះនឹងក្លាយជាជំនួបលើកដំបូងចាប់តាំងពីសង្រ្គាម១២ថ្ងៃរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលបិទបញ្ចប់កាលពីខែមិថុនាកន្លងទៅ ដោយក្នុងនោះសហរដ្ឋអាមេរិកបានលូកដៃជួយអ៉ីស្រាអែលទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា លោក Araghchi បានបញ្ជាក់ថា «ក្នុងពេលបច្ចុប្បន្ន ជាការពិតណាស់ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានផ្អាក ដោយសារតែរងការខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែ យើងមិនអាចបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបាននោះទេ ពីព្រោះវាជាសមិទ្ធផលនៃក្រុមអ្នកវិទ្យាសាស្ត្ររបស់យើង»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ ក៏នឹងត្រូវរៀបចំកិច្ចប្រជុំត្រីភាគីជាមួយចិន និងរុស្ស៉ីផងដែរនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហានុយក្លេអ៊ែរ និងលទ្ធភាពដែលអឺរ៉ុបអាចនឹងអនុវត្ត ការដាក់ទណ្ឌកម្ម UN ឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់៕
