នាយករដ្ឋមន្ត្រីស្តីទីថៃ ចោទប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆានវីរៈកុល ថាបានបែកចែងថវិកាដោយអយុត្តិធម៌ សម្រាប់អភិវឌ្ឍមូលដ្ឋានខេត្ត

បាងកក៖ លោក ភូមិថាំ វេជ្យៈឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃបានចោទប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆានវីរៈកុល ថាបានបែកចែងថវិកាដោយអយុត្តិធម៌ សម្រាប់អភិវឌ្ឍមូលដ្ឋានខេត្ត ឬតំបន់ដែលគណបក្សភូមិចៃថៃ ទទួលបានការគាំទ្រខ្លាំង ក្នុងអំឡុងពេលលោកនៅកាន់តំណែង។
លោក ភូមិថាំ អះអាងថា មូលដ្ឋាននៅក្រៅតំបន់ឥទ្ធិពលរបស់គណបក្សភូមិចៃថៃ ទទួលបានថវិកាតែចន្លោះពី១ទៅ៣លានបាតប៉ុណ្ណោះ ខណៈតំបន់សំខាន់ៗរបស់គណបក្សនេះ ដូចជា ខេត្តបុរីរម្យ និងខេត្តសុរិន្ទ ទទួលបានប្រាក់ច្រើនជាងនេះ ដោយតំបន់ខ្លះទទួលបានរហូតដល់ទៅ៧០០លានបាត។
លោកបានឱ្យដឹងថា លុយទាំងនេះបានមកពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចទំហំ១៥៧ពាន់លានបាតរបស់រាជរដ្ឋាភិបាល ទុកបម្រុងសម្រាប់ស្ថាប័នរដ្ឋបាលមូលដ្ឋានទូទាំងប្រទេស។ លោក ភូមិថាំ ក៏បានចោទលោក អនុទីន ថាបានអនុម័តសំណើថវិកាដែលមិនត្រូវគ្នានឹងឯកសារដែលបានកត់ត្រានៅក្នុងមូលដ្ឋានទិន្នន័យរបស់ការិយាល័យ។
ជាការឆ្លើយតប លោក អនុទីន បានបដិសេធថា វាជារឿងអយុត្តិធម៌ក្នុងការលើកឡើងថា ខេត្តមួយចំនួនទទួលបានមូលនិធិបន្ថែម ដោយសារតែពួកគេជាមូលដ្ឋានរឹងមាំរបស់គណបក្សភូមិចៃថៃ។
លោកអះអាងថា គ្រប់ស្ថាប័នរដ្ឋបាលខេត្ត និងក្រុង ត្រូវបានអនុញ្ញាតឱ្យដាក់សំណើថវិកាដោយផ្ទាល់ទៅកាន់ការិយាល័យថវិកា។
បន្ថែមលើនោះ អ្នកនាំពាក្យរបស់បក្សភូមិចៃថៃ លោកស្រី ណេន ប៊ុនធីតា ស៊ុមឆៃ បានទទូចថា គ្មានស្ថាប័នរដ្ឋបាលមូលដ្ឋានណាមួយបានទទួលមូលនិធិពីកញ្ចប់ថវិកាទំហំ១៥៧ពាន់លានបាត ដូចដែលរាជរដ្ឋាភិបាលបានអះអាងនោះទេ៕
