ស្នងការខេត្តកំពង់ធំ ដាក់បទបញ្ជាដល់អធិការនគរបាលក្រុង-ស្រុក ត្រូវអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី «យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ឱ្យបានម៉ឺងម៉ាត់បំផុត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ទិសដៅឱ្យថ្នាក់នាំ នៃស្នងការដ្ឋានគរបាលខេត្ត និងលោកអធិការនគរបាលទាំង៩ ក្រុង-ស្រុក ត្រូវអនុវត្តនូវបទបញ្ជាលេខ :០១ បប របស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាព។
ការដាក់ចេញទិសដៅ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល នាឱកាសអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់កងកម្លាំងចូលរួមប្រមាណ ជាង២០០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ក៏បានថ្លែងកោតសរសើរ ដល់បងប្អូនកងកម្លាំងទូទាំងខេត្ត ដែលរយៈពេលកន្លងមក អស់លោក លោកស្រីបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលល្អប្រសើរធានាថែរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ភារកិច្ច ជូនលោក លោកស្រីស្នងការរង ដែលចុះជួយមូលដ្ឋាន នៅតាមបណ្តារ អធិការដ្ឋាននគរបាលក្រុង-ស្រុក គឺដើម្បីពង្រឹង និងជំរុញ ការងារមួយចំនួន ពិសេស ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អោយរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន ឱ្យកាន់តែមាន ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព និងរួមចំណែកពង្រឹងការងារ អភិបាលកិច្ចល្អ ការអភិវឌ្ឍ របស់ជំនាញ នៃកងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានក្រើនរំលឹក ដល់លោក លោកស្រី ជាថ្នាក់ដឹកនាំត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទនិង ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា ក្នុងអនុវត្ត តួនាទី ភារកិច្ចប្រចាំថ្ងៃ ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ លើកកម្ពស់ប្រពន្ធ័គ្រប់គ្រងដឹកនាំ និងលើកទឹកចិត្ត រកឲ្យឃើញមន្ត្រីដែលសកម្ម មានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព តែត្រូវរកអោយឃើញនូវមន្ត្រីអសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ត្រូវអនុវត្ត តាមលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ៕

