ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានចាត់តាំងក្រុមការងារដែលដឹកនាំដោយ លោក ឆេង ហុកឃី អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ឱ្យចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនេះ មានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្តមានចំនួន ២៧រូប លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១០២រូប។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
-ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងលើកទិសដៅបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម
-ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៥
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៦ និង
-បញ្ហាផ្សេងៗ។
សូមជម្រាបជូនថា កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ត្រូវបានរៀបចំឡើងស្របតាមប្រតិទិនដែលបានកំណត់ និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅជួយសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

