សម្តេចធិបតី៖ ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ

ភ្នំពេញ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បន្តបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ថ្មីៗការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត គឺបានជាការប្រកាសជាផ្លូវការដោយឯកតោភគីរបស់ថៃ នៅទីតាំងតំបន់ជម្លោះទៅហើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាគឺមានតែរកតួអង្គទី៣ គឺតុលាការអន្តរជាតិ៕

