សម្តេចធិបតី៖ គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នឆព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ម្ដងហើយម្ដងទៀតថា នៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញថ្មីមកបង្រៀនបាន គឺយើងអាចយកគ្រូចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំគ្រូថ្មីហើយសាលាមានកង្វះខាតគ្រូបង្រៀននោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្ស។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ៕

