ឯកឧត្តម ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលេីវឌ្ឍនភាពការងារ របស់ក្រុមការងារ រដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលេីវឌ្ឍនភាពការងារ របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន តំណាងលេខាធិការដ្ឋាន គ. ជ. អ. ប. លោក លោកស្រី និងមន្ត្រីជំនាញនៅតាមបណ្តាអង្គភាពដែលពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺមានគោលបំណងដេីម្បី ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ។ ឯកឧត្តម បានបន្តថាដោយមានការយកចិត្តទុកដាក់ និងមានការណែនាំផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រុមការងារ ត្រូវរៀបចំផែនការ ពាក់ព័ន្ធនឹងការគ្រប់គ្រងសុំណុំរឿងទាក់ទងទៅនឹងបទល្មេីស នានាក៏ដូចជាការបញ្ជូលមុខងារដ៏ទៃទៀតដែលមានប្រយោជន៍ ក្នុងការងារ ថែរក្សា ការពារ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រ ២០២៣ – ២០២៧។
ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់អង្គភាព អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃដែលបានចូលរួមផ្តល់ កិច្ចសហការល្អប្រសេីរ និងបានផ្តល់របាយការណ៍យ៉ាងទៀងទាត់ ដេីម្បីធ្វេីការបូកសរុប តាមដាន វាយតំលៃ ទៅលេីវឌ្ឍនភាពការងារទាក់ទងទៅនឹងការងារបច្ចេកវិទ្យាឌីជីថលនៅតាមអង្គភាពនីមួយៗជាពិសេសអង្គភាពចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តមក៏បានលេីកទឹកចិត្តដល់អង្គភាពទាំងអស់ដែលបានចូលរួមកិច្ចសហការយ៉ាងពេញលេញ ព្រមទាំងជំរុញឱ្យមានការបណ្តុះបណ្តាលផ្ទៃក្នុងទៅតាមលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីឱ្យមានសមត្ថភាពឆ្លេីយតបឱ្យបានគ្រប់គ្រាន់ទៅលេីកិច្ចការងារនេះ និងស្នេីឱ្យមានការកសាង និងរក្សាទុកនូវឯកសារនានាពាក់ព័ន្ធនឹងអង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពទទួលបានជោគជ័យនិងលទ្ធផលល្អ ។

