ឯកឧត្តម អ៊ុំ រាត្រី បើកកិច្ចប្រជុំការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព កិច្ចប្រជុំការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៥។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ទាំងអស់ដែល បានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០២៤ ដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត។
ក្នុងនោះដែរ ឯកឧត្ដម អភិបាល ខេត្ត ក៏វាយតម្លៃខ្ពស់ចំពោះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីនេះឡើង និងសូមកោតសរសើរចំពោះ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុងស្រុក ឃុំ-សង្កាត់ ព្រមទាំងអ្នកជំនាញដែលពាក់ព័ន្ធទាំងអស់ដែលបានរៀបចំ និងកំពុងរៀប ចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា យោងតាមច្បាប់ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលបំណងគ្រប់គ្រង ប្រើប្រាស់និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធិភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព ដោយកំណត់ក្រខ័ណ្ឌច្បាប់និងស្ថាប័នជាគោល សំដៅចូលរួមចំណែកបម្រើឧត្តប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។
ហេីយច្បាប់នេះមានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនិង/ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

