ប្រទេសរ្វាន់ដា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន

បរទេស៖ ប្រទេសរ្វាន់ដា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់ជម្លោះដ៏សាហាវអស់ជាច្រើនទសវត្សរ៍រវាងប្រទេសក្បែងខាងទាំងពីរ ជាថ្នូរផ្តល់លទ្ធភាពឱ្យសហរដ្ឋអាម៉េរិកទទួលបានសារធាតុរ៉ែសសំខាន់ៗ។
កិច្ចព្រមព្រៀងនេះទាមទារ«ការផ្តាច់ខ្លួន ការរំសាយអាវុធ និងការរួមបញ្ចូលតាមលក្ខខណ្ឌនៃក្រុមប្រដាប់អាវុធ» ដែលកំពុងប្រយុទ្ធនៅភាគខាងកើតនៃសាធារណៈរដ្ឋកុងហ្គោ។ ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃសុក្រទី២៧ ខែមិថុនាថា ៖«អំពើហិង្សា និងការបំផ្លិចបំផ្លាញបានឈានដល់ទីបញ្ចប់ ហើយតំបន់ទាំងមូលចាប់ផ្តើមជំពូកថ្មីនៃក្ដីសង្ឃឹម និងឱកាស។ ជាមួយគ្នានេះ អនុប្រធានាធិបតីអាម៉េរិក លោក ជេអី វ៉ាន់, រដ្ឋមន្រ្តីក្រសួងការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ, គណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតីកុហ្គោ និងរ្វាន់ដា នៅក្នុងការិយាល័យប្រធានាធិបតី បានចាត់ទុកសន្ធិសញ្ញាសន្តិភាពថាជា«ជ័យជម្នះដ៏រុងរឿង»។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសកុងហ្គោ និងរ្វាន់ដា នៅក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
គួររំឭកថា ជម្លោះជាច្រើនទស្សវត្សរ៍បានផ្ទុះឡើងកាន់តែខ្លាំងឡើងនៅដើមឆ្នាំនេះ នៅពេលដែលក្រុមឧទ្ទាម M23 បានដណ្តើមកាន់កាប់មួយភាគធំនៃតំបន់ភាគខាងកើតនៃសាធារណរដ្ឋកុងហ្គោ រួមទាំងទីក្រុងក្នុងតំបន់ហ្គោម៉ា(Goma) ទីក្រុងប៊ូកាវូ(Bukavu) និងព្រលានយន្តហោះចំនួន២។
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលរាប់សែននាក់ត្រូវបានបង្ខំឱ្យចាកចោលផ្ទះសម្បែងរបស់ពួកគេបន្ទាប់ពីការវាយលុកយ៉ាងសន្ធាប់ដោយក្រុមឧទ្ទាមនាពេលថ្មីៗនេះ។
បន្ទាប់ពីការបាត់បង់ទឹកដីបែបនេះ កុងហ្កោបានងាកទៅរកជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីជួយធានាសន្តិសុខ ជាថ្នូរនឹងរដ្ឋធានីវ៉ាស៊ីនតោនទទួលបានរ៉ែសំខាន់ៗ។
យ៉ាងណា រ្វ៉ាន់ដាបដិសេធគាំទ្រក្រុមឧទ្ទាម M23 បើទោះបីជាមានភស្តុតាងច្រើនលើសលប់បានបង្ហាញក៏ដោយ៕
