លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងទៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងទៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេនី នៅថ្ងៃសុក្រទី២៧ ខែមិថុនា ហើយបានទម្លាក់ចោលផែនការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ លោកក៏បានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្ដងទៀត ប្រសិនបើរដ្ឋធានីតេហេរ៉ង់ផលិតសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតគួរឱ្យព្រួយបារម្ភ។
លោក ត្រាំ បានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការកត់សម្គាល់ដំបូងរបស់លោក ខាមេនី បន្ទាប់ពីជម្លោះរយៈពេល១២ ថ្ងៃជាមួយអ៊ីស្រាអែលដែលបានបញ្ចប់នៅពេលដែលសហរដ្ឋអាម៉េរិកបានបើកការវាយឆ្មក់ទម្លាក់គ្រាប់បែកកាលពីចុងសប្តាហ៍មុនប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក ខាមេនី បាននិយាយថា៖«អ៊ីរ៉ង់ទះកំផ្លៀងអាម៉េរិក ដោយបើកការវាយប្រហារប្រឆាំងនឹងមូលដ្ឋានទ័ពអាម៉េរិកដ៏សំខាន់មួយក្នុងប្រទេសកាតា បន្ទាប់ពីការវាយឆ្មក់ទម្លាក់គ្រាប់បែកអាម៉េរិកកាលពីចុងសប្តាហ៍មុន»។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបក៏បានអះអាងថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ។
លោក ត្រាំ បានអះអាងថា លោកបានទុកជីវិតឱ្យលោក ខាមេនី។ មន្ត្រីអាម៉េរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែមិថុនាថា លោក ត្រាំ បានវេតូផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលរូបនេះ។
លោក ត្រាំ បានរៀបរាប់នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ប្រទេសរបស់លោក ខាមេនី ត្រូវបានបំផ្លាញ ទីតាំងនុយក្លេអ៊ែរចំនួនបីរបស់គាត់ត្រូវបានបំផ្លាញ ហើយខ្ញុំដឹងច្បាស់ថាលោកជ្រកកោននៅកន្លែងណា ហើយនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ឬកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាម៉េរិក ដែលធំជាងគេ និងមានឥទ្ធិពលបំផុតក្នុងពិភពលោក បញ្ចប់ជីវិតរបស់គាត់ឡើយ»។លោក ត្រាំ ក៏បាននិយាយផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលោកបានធ្វើការលើការដកទណ្ឌកម្មដែលអាចកើតមានលើអ៊ីរ៉ង់ដើម្បីផ្តល់ឱកាសសម្រាប់ការស្តារទំនាក់ទំនងឡើងវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ឥឡូវនេះលោកបានបោះបង់ការខិតខំនោះហើយ។ បុរសចិត្តឆៅរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា៖«លោកមិនច្រានចោលលទ្ធភាពនៃការវាយលុកលើអ៊ីរ៉ង់ម្ដងទៀតទេ»។
គួរបញ្ជាក់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក ខាមេនី បានទទូចថា សហរដ្ឋអាម៉េរិកមិនទទួលបានសមិទ្ធផលណាមួយពីការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ។ លោកក៏បានបានគំរាមវាយប្រហារបន្ថែមទៀតលើមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់ត្រូវបានវាយប្រហារម្ដងទៀត៕
