សម្តេចធិបតី៖ កម្ពុជាកំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង បន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាក៏កំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង បន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅទូទាំងប្រទេស ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ, តូច និង មធ្យម អាចផ្សារភ្ជាប់ទៅខ្សែច្រវាក់តម្លៃតំបន់ និង សកល។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចធិបតីបានថ្លែងថា យន្តការ និង ការគាំទ្រទាំងនេះ មិនមែននៅតែលើក្រដាសទេ តែពិតជាបានផ្តល់ដំណោះស្រាយជាក់ស្តែង ដែលនាំសហគ្រាសធុនមីក្រូ តូច និង មធ្យមមួយចំនួន ដែលពីមុនធ្លាប់តែនៅក្រៅឆាក ឱ្យក្លាយជាតួអង្គសំខាន់នៅលើឆាកសេដ្ឋកិច្ចកម្ពុជា៕

