សម្តេចតេជោ៖ នាយករដ្ឋមន្រ្ដីថៃ បានប្រមាថសម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈ ដែលនាំឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈ ដែលនាំឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងរវាងកម្ពុជា-ថៃ ខណៈភាសារនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដោយសម្ដេចចាត់ទុកការប្រើភាសារនេះ គឺជាសម្ដីកូនគ្មានម៉ែឪប្រដៅ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានផ្តាំទៅកាន់ភាគីថៃថា គប្បីបញ្ឈប់ការប្រើប្រាស់សន្លឹកបៀរបិទព្រំដែន ដើម្បីធ្វើការគំរាមកំហែងកម្ពុជាបន្តទៀតទៅ ខណៈសន្លឹកបៀរនេះ វាគ្មានន័យអ្វីសម្រាប់កម្ពុជានោះទេ ផ្ទុយទៅវិញមានតែថៃទេ ដែលខាតបង់ជាងកម្ពុជានោះ។
ជាមួយគ្នានេះសម្ដេចតេជោផ្ដាំទៅថៃថា ទាក់ទងនឹងការប្រមាថព្រះមហាក្សត្រថៃ តាំងពីមហាក្សត្រមុន និងបច្ចុប្បន្នសម្ដេចនឹងមិននិយាយទេ ប៉ុន្ដែបើថៃចង់ដឹង អាចបញ្ជូនបេសកជនថៃមកជួបសម្ដេចបាន៕

