នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រកាសថា សម្តេចគ្មានជំពាក់គុណប្រទេសថៃ ឬបុគ្គលណាដែលជាជនជាតិថៃនោះទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានជំពាក់គុណប្រទេសថៃ ឬបុគ្គលណាដែលជាជនជាតិថៃនោះទេ ប៉ុន្តែមានតែអ្នកឯងទៅវិញទេដែលជំពាក់គុណសម្តេចនោះ។ការលើកឡើងរបស់សម្តេចនេះគឺចង់ផ្តាំទៅកាន់នាយករដ្ឋមន្រ្តីថៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា យើងគ្មានត្រូវការឈ្លានពានទឹកដីនរណាទេ យើងបាត់បង់ច្រើនណាស់មកហើយ។ អ្នកជិតខាងយើងមានជនជាតិខ្មែរនៅទីនោះ ចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភស្ថុតាងបញ្ជាក់យ៉ាងច្បាស់ថា ពីមុនទឹកដីខ្មែរធំធេងណាស់។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បន្ថែមថា ឥឡូវប្រទេសថៃ កំពុងមានបញ្ហាជាមួយបណ្ដាប្រទេសទាំងអស់ជុំវិញព្រំដែនរបស់ខ្លួន ហើយឥឡូវមកមានបញ្ហាជាមួយកម្ពុជាទៀត៕

