សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី២៦ ជូនស្ត្រីមេម៉ាយមានពិការភាពទុរគត នៅឃុំក្រឡា ស្រុកកំពង់សៀម

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានីអនុប្រធានអចិន្ត្រៃយ៍សាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមនិងព្រះវត្តមានព្រះសីលសំវរ ព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគណខេត្ត លោកស្រីហេរញ្ញិកសាខាសមាជិក សមាជិកាគណៈកម្មាធិការសាខារួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី២៦ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូនស្ត្រីមេម៉ាយពិការគ្មានទីពឹង ឈ្មោះ ស៊ាង សុផល អាយុ ៤៦ឆ្នាំរស់នៅ ភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម។
គួររំលឹកថា អ្នកស្រី ស៊ាង សុផល រស់នៅយ៉ាងកំសត់ ជាមួយកូនស្រីប្រុស ៣នាក៎ ដែលកំព្រាឪពុក ( លែងលះគ្នា កាលពី ៥ឆ្នាំមុន)។ ស្រីមេម៉ាយទុគតរូបនេះ ជាជនមានពិការភាព ( គមខ្នង ហើយខូចឆ្អឹងត្រគៀក)។ រាល់ថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះ បង្ខំចិត្តដើររើសអេតចាយ គួបផ្សំលក់ពោតស្ងោរ ឬ បន្លែ ផ្លែឈើខ្លះៗ គ្រាន់បានកម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃ និងផ្គត់ផ្គង់ការសិក្សារបស់កូនទាំង ៣នាក់។ ស្រីមេម៉ាយមានពិការភាពរូបនេះ មានកូនផ្ទះតូចទាបផ្ទាល់ដី ដែលប្រក់និងបិទបាំងដោយ ស្លឹកត្នោត និងដែក សង្កសីចាស់ៗ លើ ដីជាកម្មសិទ្ធិ ទំហំ ១០ម × ៣០ម។ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ស្ត្រីមេម៉ាយពិការទុរគតរូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅបានឡើយ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់ ឯកឧត្តម អ៊ុន ចាន់ដាផ្ទាល់ ផង របស់សាខាផង និងបច្ច័យចូលរួមរបស់សាលាគណ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀមផងជូនដល់ស្ត្រីមេម៉ាយពិការគ្មានទីពឹង ស៊ាង សុផល និងកូន សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ, សាខា បានផ្តល់ គ្រឿង ឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ជូន អ្នកស្រី ស៊ាង សុផល សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០ កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, សាប៊ូ ១០ដុំ និង ថវិកា ២០០,០០០រៀល។
ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ឃីត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀលផងដែរ៕

