ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយដៃគូសហការធ្វើការអភិរក្សនិងដាំស្តារដើមកោងកាងនៅក្នុងតំបន់សហគមន៍

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីក្រសួងបរិស្ថានចូលរួមពិធីដាំកូនកោងកាងចំនួន ១០០០ដេីម ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត មានការគាំទ្រដោយគម្រោងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា (CCA4CS)។
នៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាកលោក សុខ វណ្ណា ប្រធានអង្គការUN-Habitat ប្រចាំនៅកម្ពុជា មន្ទីរខេត្តពាក់ព័ន្ធ ប្រជាសហគមន៍ ប្រជាពលរដ្ឋ យុវជន និងសិក្សានុសិស្សចំនួន ៦០០នាក់។
នៅក្នុងពិធីនេះឯកឧត្តមបណ្ឌិត ភាវ សុវទ្ធី បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រជាសហគមន៍ និងក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ដែលបានចូលរួមកម្មវិធី ព្រមទាំងបានថ្លែងអំណរគុណចំពោះការចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថានកន្លងមក ដូចជា ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និង កម្ពុជាស្អាត ខ្មែរធ្វើបាន ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក ជាដើម។
ឯកឧត្តមក៏បានលើកឡើងថា ការអនុវត្តគម្រោងនេះ ពិតជាស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជំរុញភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាក់ស្តែងគម្រោងនេះនឹងអភិរក្ស ស្តារដើមកោងកាងឡេីងវិញនៅក្នុងតំបន់សហគមន៍ ហេីយថ្ងៃនេះជាកម្មវិធីដាំដើមកោងកាង ចំនួន ១០០០ ដើមជាតំណាង ដែលសកម្មភាពនេះពិតជាមានសារសំខាន់និងរួមចំណែកក្នុងការបង្កេីនភាពបៃតង គឺការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើមឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
ឯកឧត្ដមបានលើកទឹកចិត្តឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ថែទាំ និងតាមដានកូនកោងកាងដែលបានដាំរួច ឱ្យលូតលាស់បានល្អ ជាអង្គរក្សសមុទ្រដែលជួយដល់ការការពារសំណឹកដី ខ្យល់ព្យុះ ស្រូបយកកាបូនបានច្រើន ជាដេីម៕

