ថ្នាក់ដឹកនាំខេត្តបាត់ដំបង អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិបេសកកម្ម

បាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង រួមនឹងប្រតិភូអមដំណេីរ អញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្ដម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងបានជម្រាបលា ក្រោយពី ឯកឧត្ដម បានបញ្ចប់អាណត្តិបេសកកកម្មនៅប្រទេសកម្ពុជា នៅសាលាប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាខេត្ត បាត់ដំបង ឯកឧត្ដម សុខ លូ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះស្មារតីស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំ នៃគណៈប្រតិភូ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលាអញ្ជើញមកសម្តែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជាខេត្តបាត់ដំបង ដែលនេះ គឺជាកាយវិការមួយបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន ប្រកបដោយភាតរភាព និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរ យូរអង្វែងតទៅ។
ឯកឧត្ដម សុខ លូ អភិបាល ខេត្ត ក៏បានរំលឹកថាប្រទេសកម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ ឈរលើស្មារតីសាមគ្គី រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា និងការលំបាកនានា ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនរបស់ខ្លួន។
ក្នុងឱកាសនោះឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់នាំខេត្តបាត់ដំបង ពិសេសឯកឧត្តម សុខ លូ ដែលក្នុងអាណត្តិ ឯកឧត្ដម បានមកបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តបាត់ដំបង ទទួលបានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ដែលជាមិត្តដ៏ល្អរវាងប្រទេសកម្ពុជា-វៀតណាម៕

