កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដឹកនាំដោយលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ និងជាតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជេីញចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។
គោលដៅទី១ គឺការជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ដែលគណៈប្រតិភូ បានចាប់អារម្មណ៍លើសកម្មភាពរបស់អ្នកស្ម័គ្រចិត្តដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់ តាមរយៈការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាព អនាម័យ សុខភាពមនុស្សចាស់ អាហារូបត្ថម្ភ និងជំរុញប្រជាពលរដ្ឋឱ្យលើកកម្ពស់ការដាំដំណាំ បន្លែបង្ការ ក្នុងសហគមន៍ ដើម្បីមានសុខភាពល្អ និងលើកកម្ពស់ជីវភាពគ្រួសារ ដែលនេះបានឆ្លុះបញ្ចាំងពី «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។
គោលដៅទី២ គណៈប្រតិភូ ក៏បានមើលឃើញពីការអប់រំផ្សព្វផ្សាយពីសំណាក់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្តីពីសហគមន៍មានសុខភាពល្អ ដោយផ្តោតលើការទប់ស្កាត់ជំងឺមហារីក និងជំងឺមិនឆ្លងចម្បងៗនានា ដែលសង្កេតឃើញថា លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ជំងឺមិនឆ្លងខាងលើនេះ តាមរយៈការអនុវត្តពាក្យស្លោក «ស្រឡាញ់ខ្លួន ស្ងួនចំណី» គឺការបរិភោគអាហារូបត្ថម្ភ អាហារសុវត្ថិភាព មិនប្រៃ មិនផ្អែម មិនខ្លាញ់ មិនភេសជ្ជៈកំប៉ុងច្រើនពេកជាដើម រួមជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃផងដែរ។ ជាការកត់សម្គាល់ដែរនោះ គឺនៅក្នុងសហគមន៍នេះ ប្រកបទៅដោយបរិស្ថានល្អ ការរស់នៅស្អាត មានអនាម័យ មានការដាំដំណាំជុំវិញផ្ទះ ជាពិសេសគឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង គឺមានសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅដែលគួរឱ្យកោតសរសើរផងដែរ។
ឆ្លើយតបទៅសហគមន៍មានភាពធន់នឹងអាកាសធាតុ, គណៈប្រតិភូ រួមជាមួយមន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក៏បានចុះទៅគោលដៅទី៣ ដែលជាសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដើម្បីដាំដើមកោងកាងបន្ថែមទៀត រួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ដែលមានប្រមាណជាង ៤០០គ្រួសារ។
ដោយឡែក គោលដៅទី៤ នៅសាលាវិទ្យាល័យនរោត្តមរណឬទ្ធិ ឯណោះវិញ, គណៈប្រតិភូ បានសង្កេតឃើញថា យុវជនកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាគំរូ ជាមិត្តអប់រំមិត្តនៅក្នុងសាលារៀន ក្នុងការចូលរួមផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីលើកកម្ពស់សុខភាព អនាម័យបរិស្ថាន ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមដាំដើមឈើជាដើម។
ជារួមបន្ទាប់ពីបានចូលរួមសកម្មភាពក្នុងមួយថ្ងៃនេះ, លោកស្រី កាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ បានថ្លែងចំណាប់អារម្មណ៍យ៉ាងពេញចិត្តចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍ ដែលជាប្រតិបត្តិករដ៏សំខាន់បានជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យទទួលបានសុខភាពល្អ និងមានភាពធន់នៅសហគមន៍។
លោកស្រី បានថ្លែងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលបង្កើតនិងជំរុញឱ្យមានបណ្តាញអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ជាក់ស្តែងមានអ្នកស្ម័គ្រចិត្តម្នាក់ដែលលោកស្រីបានជួប គឺគាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តអស់រយៈពេលជាង១០ឆ្នាំ ដែលនេះពិតជាគួរឱ្យកោតស្ញប់ស្ញែង និងសូមឱ្យបន្តសកម្មភាពបែបនេះឱ្យបានយូរអង្វែងតទៅដើម្បីសហគមន៍របស់ខ្លួន។
លោកស្រី សង្កេតឃើញថា កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់សាខា អនុសាខា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ដែលការងារទាំងនេះបានផ្តល់នូវចំណេះដឹង-ជំនាញ និងយកចំណេះដឹង-ជំនាញទាំងនេះ ទៅអប់រំផ្សព្វផ្សាយបន្តដើម្បីសហគមន៍មានសុខភាពល្អ និងជីវភាពរីកចម្រើន។ បន្ថែមពីនេះ យុវជនកាកបាទក្រហមកម្ពុជា ក៏មានចំណេះដឹងខ្ពស់ ដែលអាចដើរតួនាទីជាមិត្តអប់រំមិត្ត ស្តីពីសុខភាព អនាម័យ នៅតាមសាលារៀនរបស់ពួកគេទៀតផង។
តាមរយៈសកម្មភាពទាំងអស់នេះ លោកស្រី ក៏បានលើកទឹកចិត្តដល់កាកបាទក្រហមកម្ពុជា សូមបន្តចែករំលែកបទពិសោធន៍នៃការអនុវត្តសកម្មភាពដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុនេះ ទៅតាមបណ្តាសហគមន៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅក្នុងតំបន់ ដើម្បីយកទៅអនុវត្តនៅតាមសហគមន៍រៀងៗខ្លួនរបស់គេផងដែរ៕

