ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងកិច្ចការព្រំដែន ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាការរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥ នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ជាឱកាសដ៏សាកសមក្នុងលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងគាំទ្រការបង្ករបង្កើនផលដំណាំរបស់កសិករ ក្នុងពេលកំពុងមានបញ្ហាព្រំដែន។
ក្នុងឱកាសរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥នេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចចូលរួមដើម្បីបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយពីផលិតផលដែលផលិតបាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានបន្តណែនាំដល់ក្រុមការងារបន្តដាំកូនឈើ ក្នុងយុទ្ធនាការ«ផ្ទះ១ខ្នង ដើមឈើ១ដើម»បន្តទៀត ដើម្បីលើកសោភ័ណភាពទីក្រុង ទីប្រជុំជន ក្នុងខេត្តបាត់ដំបង៕