ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ សម្ភារបច្ចេកទេសដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ដោយមានការអញ្ជើញចូលរួមពី លោក គោ សុំប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងប្រតិភូអមដំណើរនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាច្រេីនរូបទៀត ។
ក្នុងនោះផងដែរ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ បានពាំនាំនូវអំណោយ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការរៀបចំហ្វឹកហាត់ និងត្រៀមកងកម្លាំងក្នុងការជួយថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើកិច្ចការងារជូនដល់សង្គមជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនផងដែរ៕

