សម្តេចធិបតី៖ ព្រំដែនកម្ពុជា គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញគឺត្រូវតែបើកទាំងអស់ព្រមគ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហ ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ព្រំដែន របស់ប្រទេសកម្ពុជា គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈ កម្មាធិការ កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំបញ្ជាក់ថា បើកម្ពុជាបិទ អត់មានបើកវិញនូវច្រកនឹង នៅពេលអ្នកឯងបើកទេ គឺបិទរហូត ទល់តែទូទាំងព្រំដែនទាំងមូលបើកបានបើកបាន។ មិនមែនថា បើកជប់គគីរ ថ្ងៃនេះ គេបើក គេបិទ យើងបិទ ដល់ពេលគេបើក យើងបើកដែរ អត់ទេណា។ តាបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទល់តែអ្នកឯងបើកជាឯកតោភាគី ទូទាំងព្រំដែនទាំងអស់ ឱ្យដូចមុន ថ្ងៃ ៧ មិថុនា បានកម្ពុជា គិតគូរបើកឡើងវិញ»។
សម្តេចធិបតី បន្ដថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ, កម្ពុជា ធ្វើខ្លួនដូចជាពស់ មិនឡូឡា មិនរញ៉េរញ៉ៃ តែចឹកតែម្ដងឱ្យស្លាប់។ សម្ដេច នាយករដ្ឋមន្ដ្រី បញ្ឈឺថៃដូច្នេះ បន្ទាប់ពីប្ដឹងរឿងព្រំដែន ទៅតុលាការអន្តរជាតិ (ICJ) និងកាត់ផ្ដាច់ការនាំចូលមួយចំនួនពីប្រទេសថៃផងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញ ដាក់ទុនតិច តែចំណេញច្រើន។
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីថា កម្ពុជាមិនដែលមានបំណងចង់ បង្កការលំបាកដល់ ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា៕

