សម្តេចធិបតី ថ្លែងអំណរគុណដល់ការរៀបចំកម្មវិធីថ្មើរជើងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ទាំងនៅផ្ទៃក្នុងជាតិ និងបណ្តាញសារព័ត៌មានបរទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងអំណរគុណដល់ការរៀបចំកម្មវិធីថ្មើរជើងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ទាំងនៅផ្ទៃក្នុងជាតិ និងបណ្តាញសារព័ត៌មានបរទេស និងក្នុងប្រទេសថៃផងដែរ។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ពីថ្នាក់កណ្ដាលដល់មូលដ្ឋាន ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃនិងធនធានផ្ទាល់ខ្លួន ដើម្បីបំពេញមុខងារ ក្នុងតួនាទីនិងបេសកកម្មដ៏ពិសិដ្ឋរបស់ ស.ស.យ.ក. ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្ត ផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនាទាន UYFC 2.0 ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា «ព្រឹត្តិការណ៍សាទរកម្ពុជា» បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្នាដៃនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំ ជំនាន់មុនបានទុកជាមរតក ហើយថ្នាក់ដឹកនាំបន្តវេននិងយុវជនយើងគ្រប់រូបត្រូវថែរក្សា ការពារ និងបន្តអភិវឌ្ឍបន្ថែមឱ្យបានកាន់តែខ្លាំងក្លា៕

