ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកកម្មវិធី UNDP មិនត្រឹមតែជាដៃគូដ៏លេចធ្លោសម្រាប់ វិស័យ សកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រក្សាបាននូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្ដីការអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន អនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នក សម្របសម្រួល កម្មវិធី អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) និងសហការី ចូលជួបសម្ដែងការគួរសមនិងជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា។
តាមនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធាន អាជ្ញាធរ មីន ឯកឧត្ដម បណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Alissar Chaker សម្រាប់ការចូលរួមចំណែកក្នុងការពង្រឹងភាពជាដៃគូនិង កិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមីន និង អង្គការ UNDP និងការគាំទ្រយ៉ាងសកម្មក្នុងវិស័យសកម្មភាពមីន មនុស្សធម៌ នៅកម្ពុជាជាពិសេសតាមរយៈគម្រោង បោសសម្អាតមីនដេីម្បីលទ្ធផល (Clearing for Results) ។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បាន វាយ តម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពី ឆ្នាំ២០០៦ ដែលបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ដីសុវត្ថិភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជួយលេីកកម្ពស់ ជីវភាពរស់នៅរបស់សហគមន៍ជាច្រើននៅតំបន់ដែលពាក់ព័ន្ធ។
ឯកឧត្ដម លី ធុជ បានចាត់ទុកកម្មវិធី UNDP មិនត្រឹមតែជាដៃគូ ដ៏លេចធ្លោសម្រាប់ វិស័យសកម្មភាពមីនប៉ុណ្ណោះទេប៉ុន្តែ ថែម ទាំងរក្សាបាននូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់ការធ្វើឱ្យប្រសើរឡេីងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ចុងបញ្ចប់នៃកិច្ចជំនួប ឯកឧត្ដមបណ្ឌិត លី ធុជ បានជូនពរលោកស្រី Alissar Chaker ទទួល បានជោគជ័យបន្ដទៀតក្នុងបេសកកម្មថ្មី និងសង្ឃឹមថានឹងមានឱកាសចាប់ដៃសហការជាមួយគ្នាវិញនៅពេលអនាគត៕

