សម្តេចធិបតី៖ កត្តារួបរួមគ្នាស្នេហាជាតិគឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសរឹងមាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ សម្ដេចធិបតី បានលើកឡើងថាយុវជនក្រៅពីសិក្សា គួរប្រឹងប្រែងជួយសង្គម តាមរយៈការពង្រឹងសមត្ថភាព ឆន្ទៈ មនសិការខ្លួនឯង ដោយធ្វើជាមនុស្សល្អ ជាបុគ្គលល្អក្នុងសង្គម។ សង្គមមានមនុស្សល្អច្រើន ជាតិប្រទេសនឹងកាន់តែរីកចម្រើន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ធនធានមនុស្សរឹងមាំ គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេសជាតិ និងឯករាជ្យភាពជាតិឱ្យរឹងមាំ៕

