កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានបិទបញ្ចប់ ដោយនឹងបន្ដកិច្ចប្រជុំនៅព្រឹកស្អែក

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ថ្ងៃដំបូងត្រូវបានបិទបញ្ចប់ហើយនៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរកម្ពុជា-ថៃ នឹងបន្ដកិច្ចប្រជុំនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។
សូមបញ្ជាក់ថា មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕

