រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឱ្យត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋកំពុងនៅប្រទេសថៃ ឱ្យវិលចូលប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នា ដោយកម្លាំងប្រដាប់វុធ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នា ដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចេញផ្សាយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា។
តាមរយៈសេចក្ដីជូនដំណឹង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ថា ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ សូមអប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ត្រូវត្រៀមវិធានការសម្រាប់ឆ្លើយតប និងគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើង ជាយថាហេតុ និងផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិ តាមការចាំបាច់ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដី សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ត្រូវត្រៀមរៀបចំនិងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូល មកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំង ប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវ រៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី៕

