សម្តេចធិបតី ណែនាំឱ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល សូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់គណៈ គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្ដល់សេវា បង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និងការអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ណែនាំឱ្យមន្ទីរ និងការិយាល័យ ចំណុះក្រសួងអប់រំ យុវជន និង កីឡា និង គណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយ ភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្ត នៅតាមសាលារៀនគំរូ និងសាលារៀនគោលដៅ គ.វ.អ ដោយត្រូវបន្ត ធ្វើសុខុដុម នីយកម្ម និង រៀបចំសេចក្ដីណែនាំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួមតាម គោលការណ៍ស្ម័គ្រចិត្តសម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ ឬការបន្ថែម ម៉ោង អនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលកាន់តែច្រើននៅក្នុងសាលារៀនក្រោមការគ្រប់គ្រង និងដឹកនាំរបស់គ្រូបង្រៀន។
សម្តេចធិបតី ណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល សូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និង ប្រកាន់ខ្ជាប់នូវ ទង្វើវិជ្ជ មាន ក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្ត និងការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាន នៅ តាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជនសំដៅឆ្លើយតបបាន ទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម៕

