អភិបាលរងខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើផែនទី ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលត្រូវផ្ញើជូនទៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើផែនទី ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលត្រូវផ្ញើជូនទៅក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកនាយកទីចាត់ការសាលាខេត្ត តំណាងមន្ទីររៀបចំដែនដីខេត្ត លោកមេឃុំកំពាន់ ឃុំរំចេក ឃុំទឹកជ្រៅ ឃុំត្រពាំងព្រីង ឃុំរកាខ្នុរ ឃុំប៉ើស១ និងឃុំឈូកផងដែរ។
លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់លើផែនទីដែលបានឯកភាពគ្នា និងធ្វើការចុះហត្ថលេខាលើផែនទីដែលបានឯកភាពគ្នា ដើម្បីផ្ញើជូនទៅក្រសួងមហាផ្ទៃ។
លោកអភិបាលរងខេត្តបន្តថា យោងតាមការចុះពិនិត្យទីតាំង ព្រមទាំងផ្ទៀងផ្ទាត់តាមរយៈផែនទី ក៏ដូចជាកិច្ចប្រជុំកន្លងមកគឺយើងបានឯកភាពគ្នាហើយទៅលើផែនទីរួមមួយដែលកំណត់ព្រំប្រទល់របស់រដ្ឋបាលស្រុកនីមួយៗ ការកំណត់ព្រំប្រទល់ច្បាស់លាស់បែបនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ក៏ដូចជាងាយស្រួលដល់ពលរដ្ឋក្នុងការទទួលបានសេវាផ្សេងៗផងដែរ។
លោកលើកឡើងបន្ថែមថា កិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំចុងក្រោយដែលយើងនឹងធ្វើការចុះហត្ថលេខាលើផែនទីដែលបានឯកភាពគ្នា ហើយនិងធ្វើការដាក់ជូនទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេចលើផែនទីដែលរដ្ឋបាលស្រុកបានឯកភាពគ្នានេះ៕

