ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះមានតែយន្តការ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែមួយគត់ដែលអាចដោះស្រាយបញ្ហាព្រំដែន ដែលបាននិងកំពុងកើតមាន និងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌។
ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា ព្រឹត្តិកាណ៍ផ្ទុះអាវុធដែលបានបង្ករឡើងដោយភាគីកងទ័ពថៃ ក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញថា ប្រទេសជិតខាងមួយចំនួននៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពាន លេបយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតាំងពីអតីតកាល ហើយក៏ជាការរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាមិនត្រូវភ្លេចខ្លួន និងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង។
ជាមួយគ្នានេះឯកឧត្តម រ័ត្ន ស្រ៊ាង សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ សូមរួបរួមសាមគ្គីគ្នា ដើម្បីមានឯកភាពផ្ទៃក្នុងជាតិតែមួយ ក្នុងការប្រឆាំងនឹងបរទេសដែលមានបំណងឈ្លានពាន អធិបតេយ្យភាពបូរណភាពទឹកដីប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារបូរណភាពទឹកដីតាមគ្រប់មធ្យោបាយក្នុងករណីមានការឈ្លានពានពីបរទេស៕
