សម្តេចធិបតី៖ ការរិះគន់ជាសិទ្ធិរបស់គេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារពលរដ្ឋទាំងអស់

ភ្នំពេញ៖ ថ្លែងចេញពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការរិះគន់ជាសិទ្ធិរបស់គេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារពលរដ្ឋទាំងអស់ ទោះបីគេមាននិន្នាការបែបណាក៏ដោយ។
សម្ដេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើងខិតខំជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ គឺមិនទុកប្រជាពលរដ្ឋខ្មែរ ណាចោលនោះឡើយ។
សម្ដេចធិបតីរំលេចបន្ថែមថា ទោះជាមានពលរដ្ឋខ្មែរមួយចំនួនតូចតែងរិះគន់ វាយប្រហារមកលើរាជរដ្ឋាភិបាលក្ដី ក៏មន្ត្រីរបស់រដ្ឋាភិបាលនៅគ្រប់ទីកន្លែង ជាពិសេសមន្ត្រីស្ថានទូតនៅតាមប្រទេសនានា នៅតែខិតខំជួយសម្រួលរាល់ឯកសារដែលពលរដ្ឋទាំងនោះត្រូវការទាំងអស់ រួមទាំងវាយត្រាលើលិខិតឆ្លងដែនក្នុងករណីគេមានតម្រូវការផងដែរ៕

