ចិនចុះហត្ថលេខាលើអនុសញ្ញាមួយ ដើម្បីបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនៅទីក្រុងហុងកុង

ប៉េកាំង៖ ចិនបានចុះហត្ថលេខាលើអនុសញ្ញាមួយ ដើម្បីបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនៅទីក្រុងហុងកុង ក្នុងគោលបំណងពង្រឹងអត្តសញ្ញាណអន្តរជាតិរបស់ទីក្រុង និងដោះស្រាយភាពតានតឹងភូមិសាស្ត្រនយោបាយ។
ស្ថាប័នសម្រុះសម្រួលនេះ មានគោលបំណងពង្រឹងជំហររបស់ហុងកុងជាមជ្ឈមណ្ឌលកំពូលសម្រាប់ការដោះស្រាយជម្លោះរវាងប្រទេស ដែលមានឋានៈស្មើជាមួយតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ នៅទីក្រុងឡាអេ។
មេដឹកនាំហុងកុង លោក ចន លី បាននិយាយថា វានឹងជួយនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងឱកាសការងារយ៉ាងច្រើន ព្រមទាំងជំរុញវិស័យផ្សេងៗ រួមទាំងបដិសណ្ឋារកិច្ច និងការដឹកជញ្ជូនផងដែរ។ ពិធីចុះហត្ថលេខានេះ មានតំណាងមកពីប្រទេសឥណ្ឌូណេស៊ី ប៉ាគីស្ថាន ឡាវ កម្ពុជា និងស៊ែប៊ី ចូលរួម។
អ្នកតំណាងមកពីស្ថាប័នអន្តរជាតិចំនួន២០ រួមទាំងអង្គការសហប្រជាជាតិ ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។ វិសាលភាពនៃករណីដែលត្រូវបានដោះស្រាយរួមមាន៖ ជម្លោះរវាងប្រទេសនានា រវាងប្រទេសមួយ និងប្រជាជនរបស់ប្រទេសមួយផ្សេងទៀត និងរវាងអង្គភាពអន្តរជាតិឯកជន។
អ្នកវិភាគបានលើកឡើងថា ក្រុមសម្រុះសម្រួលអាចជំរុញឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិន និងលើកកម្ពស់តួនាទីដ៏រឹងមាំបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ក្នុងអភិបាលកិច្ចពិភពលោក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងកុង លោក ផូល ឡាំ បានលើកឡើងថា ស្ថាប័នថ្មីនេះ នឹងជួយទីក្រុងនេះទប់ទល់នឹងបញ្ហាប្រឈមនានា ដែលកើតឡើងពីកងកម្លាំងខាងក្រៅ ព្យាយាមកាត់ផ្តាច់ហុងកុងពីអន្តរជាតិ។ ទីស្នាក់ការកណ្តាលរបស់អង្គការថ្មីនេះ នឹងមានទីតាំងនៅអតីតស្ថានីយប៉ូលិសក្នុងសង្កាត់វាន់ឆាយ ហើយត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៦៕
